កម្ពុជា​រក​ឃើញ​មនុស្ស​​​ ២៣​នាក់​ទៀត​ឆ្លង​វីរុស​ក្រោយ​ត្រឡប់​​ពី​បរទេស


វីរុសកូរ៉ូណា
បុរស​កម្ពុជា​ម្នាក់​ធ្វើ​ដំណើរ​តាម​ទោចក្រ​យានយន្ត​កាត់​បដា​ដែល​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណាកាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២០។ (ជ័យ ច័ន្ទឧត្ដម)

​កម្ពុជា | ជ័យ ច័ន្ទឧត្ដម | 25 Jul 2020 | 0 Comments |

មនុស្ស ២៣​នាក់​ទៀត​ ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​វីរុស​កូរ៉ូណា ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ឆ្លង​វីរុស​ដ៏​រាត​ត្បាត​នេះ កើន​ឡើង​ដល់​ ២២៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា ពលរដ្ឋ​កម្ពុជា ១៩​នាក់ និង​ជន​ជាតិ​ឥណ្ឌូនេស៊ី ៤​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា អ្នក​ដំណើរ​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង ៤​នាក់​នោះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​ពី​ឥណ្ឌូនេស៊ី ហើយ​ឆ្លង​កាត់​ម៉ាឡេស៊ី​មុន​នឹង​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​ជើង​ហោះ​ហើរ​នោះ ផ្ទុក​អ្នក​ដំណើរ​សរុប ១៤៨​នាក់។

ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី ៣​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ហើយ​ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ដោយ​ឡែក​អ្នក​ដំណើរផ្សេង​ទៀត ដែល​លទ្ធផល​តេស្ត​សំណាក​អវិជ្ជមាន​នោះ ក្រសួង​បញ្ជាក់​ថា ត្រូវ​បាន​​ដាក់​ឱ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ​​នៅ​មណ្ឌល​ចត្តាឡីស័ក​ ២​កន្លែង ក្នុង​នោះ ៥៤​នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កូលាប​ស និង​ ៩២​នាក់​ទៀត ត្រូវ​បាន​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ពោធិ៍ចិនតុង។

ពលរដ្ឋ​កម្ពុជា ៤​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​វ័យ ៣៨​ឆ្នាំ​ផង​ដែរ គឺ​ជា​អ្នក​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​កក្កដា តាម​ជើង​ហោះ​ហើរ​មួយ​ដែល​ផ្ទុក​អ្នក​ដំណើរ​​សរុប ៥៩​នាក់។

បើ​តាម​ក្រសួង​សុខាភិបាល ពលរដ្ឋ​កម្ពុជា​ទាំង ៤​នាក់នេះ ត្រូវ​​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​អ្នក​ដំណើរ ៥៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​កង​ទ័ព​អាកាស។

ចំណែក​ឯ​ពលរដ្ឋ​កម្ពុជា ១៥​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​រក​ឃើញឆ្លង​វីរុស​កូរ៉ូណា​ដែរ​នោះ គឺ​ជា​អ្នក​ដំណើរ​វិល​ត្រឡប​់​មក​ពី​ប្រទេស​អេហ្ស៊ីប និង​រុស្ស៊ី​តាម​ជើង​ហោះ​ហើរ​ម៉ាឡេស៊ី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​ពួកគេ​ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។

ក្រសួង​សុខាភិបាល​ ក៏​ប្រកាស​ផង​ដែរពី​បុរស​កម្ពុជា​ម្នាក់​វ័យ ២៦​ឆ្នាំ បាន​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​ដល់ទៅ ២២៥​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណាចាប់​តាំង​ពី​ចុង​ខែ​មករា​ដើម​ឆ្នាំ​នេះ ក្នុង​នោះ​អ្នក​ឆ្លង​វីរុស ១៤៣​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ៕