ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស ៩១នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីវ១៩ ក្នុងនោះរាជធានីភ្នំពេញមានអ្នកឆ្លងថ្មីច្រើនជាងគេបំផុត។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកឆ្លងថ្មី ៩០ករណី ត្រូវបានរកឃើញលើមនុស្សដែលជាប់ពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាការនាំចូលពីក្រៅប្រទេស ដែលត្រូវបានរកឃើញលើបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ៣៣ឆ្នាំ ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃចន្ទកន្លងមកនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៧៨នាក់នៅរាជធានីភ្នំពេញ តាកែវ ៤នាក់ ស្វាយរៀង ៣នាក់ និងរកឃើញ ១ករណីៗនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ និងខេត្តប៉ៃលិន។
ក្រសួងក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ៣០នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១ ៨២៤នាក់។
កម្ពុជាបានរកឃើញរកមនុស្សសរុបដល់ទៅ ២ ៩១៥នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីផ្ទុះករណីដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងនោះមនុស្សសរុបដល់ទៅ ១ ០៦៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕