តួលេខពីរដ្ឋាភិបាលបង្ហាញថា កម្ពុជាបានខ្ចីប្រាក់ទំហំជិត ៥០០លានដុល្លារពីដៃគូអភិវឌ្ឍន៍នានានៅក្នុងឆមាសទី១ដើមឆ្នាំ២០២០នេះ ដែលស្មើនឹង ២៥ភាគរយនៃទំហំកម្ចី ១៤០០លានដុល្លារដែលរដ្ឋាភិបាលគ្រោងខ្ចីពីបរទេសនៅឆ្នាំនេះ។
ព្រឹត្តិបត្របំណុលសាធារណៈរបស់កម្ពុជាចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែកញ្ញា បង្ហាញថា កម្ពុជាបានខ្ចីប្រាក់ទំហំ ៤៧៩.០៥លានដុល្លារពីដៃគូអភិវឌ្ឍន៍នានានៅចន្លោះខែមករា ដល់ចុងខែមិថុនាក្នុងឆ្នាំនេះ ក្នុងកម្ចីដល់ទៅ ៤៤៣.៦៥លានដុល្លារ ឬ ៩៣ភាគរយ បានមកពីដៃគូអភិវឌ្ឍន៍ពហុភាគី។
បើតាមតួលេខក្នុងព្រឹត្តិបត្រដដែលនេះ រដ្ឋាភិបាលបានដកសាច់ប្រាក់ដល់ទៅ ៤៤៣.៩៧លានដុល្លារពីដៃគូអភិវឌ្ឍន៍នានាយកមកប្រើប្រាស់ជាងស្ដែងនៅក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ។
ប្រភពដដែលបង្ហាញថា កម្ពុជាបានទូទាត់សងបំណុលចំនួន ១៥២.៣៧លានដុល្លារនៅក្នុងឆមាសទី១ក្នុងឆ្នាំនេះ ក្នុងនោះសងប្រាក់ដើមទៅម្ចាស់បំណុលក្រៅប្រទេសបាន ១០៩.៩៦លានដុល្លារ។
ព្រឹត្តិបត្រនេះ ឲ្យដឹងផងដែរថា កម្ពុជាខ្ចីប្រាក់ពីបរទេសសរុប ១៣.០៨ពាន់លានដុល្លារហើយគិតចាប់តាំងពីឆ្នាំ១៩៩៣មកដល់ត្រឹមឆមាសទី១ឆ្នាំនេះ ក្នុងនោះកម្ចីដល់ទៅ ៨៧ភាគរយ ត្រូវបានយកទៅប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយកម្ចីទំហំ ១៣ភាគរយទៀត ត្រូវបានយកទៅប្រើប្រាស់លើវិស័យអាទិភាព។
នៅក្នុងរយៈពេលជិត ៣០ឆ្នាំនេះផងដែរ កម្ពុជាក៏បានទូទាត់សងបំណុលសរុប ១.៨៤ពាន់លានដុល្លារ ក្នុងនោះសងប្រាក់ដើមទៅម្ចាស់បំណុលបរទេសបានចំនួន ១.១៤ពាន់លានដុល្លារ។
ប៉ុន្តែ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ក្នុងព្រឹត្តិបត្របំណុលនោះថា កម្ពុជាកំពុងជំពាក់បំណុលបរទេសជាក់ស្ដែង ៧.៩ពាន់លានដុល្លារគិតត្រឹមឆមាសទី១នៃឆ្នាំនេះ ដែលសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេសទាំងអស់៕