ជាង​១​ខែ​ហើយ ការ​រាតត្បាត​នៃ​ព្រឹត្តិការណ៍​​សហគមន៍​២០​កុម្ភៈ​បន្ត​យា​យី​កម្ពុជា


អ្នក​ដំណើរ
បុរស​ម្នាក់​បើក​បរ​ម៉ូតូ​លើដង​វិថី​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក​។ (មេគង្គ ដេលី)

​កម្ពុជា | ជ័យ ច័ន្ទឧត្ដម | 29 Mar 2021 | 0 Comments |

វា​មាន​រយៈ​ពេល​ជាង ១​ខែ​ហើយ​បន្ទាប់​ពី​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​មក​នេះ ប៉ុន្តែ ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​នេះ ពុំ​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​មួយ​នេះ​នៅ​ឡើយ​ទេ។

តួលេខ​ឆ្លង​សរុប

គិត​ត្រឹ​មថ្ងៃ​ទី​២៨ ខែ​មីនា មនុស្ស​ដល់​ទៅ ១,៧០៨​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​នេះ​សរុប​ឡើង​ដល់​ទៅ ២,២៣៣​ករណី​នៅ​ទូទាំង​​ប្រទេស​កម្ពុជា។

តួលេខ​ជា​សះ​ស្បើយ

គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មេរោគ​នេះ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​មុន​មក ឃើញ​ថា អ្នក​ជំងឺ​កូវីដ​១៩​ដល់​ទៅ ១,១៦៦​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ឆ្លង​មេរោគ​កូវីដ​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​ដល់​ទៅ ៦៥២​នាក់​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ១,០៥៥​នាក់​ទៀត បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ​ ក្នុង​​នោះ​មាន​ស្ត្រី ៥២៧​នាក់។

តួ​លេខ​មនុស្ស​ស្លាប់

អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​លើក​ដំបូង​មក កម្ពុជា​គ្មាន​ទេ​សេចក្ដី​រាយការណ៍​ពី​ករណី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នោះ​។

ប៉ុន្តែ កម្ពុជា​បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដែល​ករណី​នេះ​បាន​កើត​ឡើង​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥០​ឆ្នាំ។

នៅ​ក្នុង​រយៈ​ពេល​តែ ១៧​ថ្ងៃ​ប៉ុណ្ណោះ កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​សរុប​ដល់​ទៅ ១០​ករណី ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់​ផង​ដែរ និង​ជន​ជាតិ​ចិន​ម្នាក់។

តួលេខ​ឆ្លង​ថ្មី​ច្រើន​ក្នុង​មួយ​ថ្ងៃ

ជាង​១​ឆ្នាំ​មក​ហើយ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ឆ្លង​វីរុស​កូវីដ​១៩​ក្នុង​ចំនួន​ត្រឹម​តែ​ពីរ​ខ្ទង់​ប៉ុណ្ណោះ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ១៧៩​នាក់​ ដែល​នេះ​គឺ​ជា​ចំនួន​ឆ្លង​ថ្មី​ដ៏​ច្រើន​បំផុត​​ក្នុង​មួយ​ថ្ងៃ ដែល​កម្ពុជា​មិន​ធ្លាប់​មាន​នោះ​ឡើយ​ក្នុងរយៈ​ពេល​ជាង ១​ឆ្នាំ​មក​នេះ។

វិធានការ​សុខាភិបាល

ក្រោយ​ពី​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​មក រដ្ឋាភិបាល​បាន​សម្រេច​រឹត​បន្តឹង​វិធានការ​ចាំ​បាច់​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៃ​មេរោគ​កូវីដ​១៩​នេះ។ ទន្ទឹម​គ្នា​នេះ ភូមិ ឬ​តំបន់​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ហ៊ុំ​ព័ទ្ធ​មួយ​រយៈ​ពេល ដើម្បី​ត្រួត​ពិនិត្យ​រក​មនុស្ស​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​កូវីដ​១៩៕