ប្រទេសកម្ពុជាបានវិលត្រឡប់ទៅរកស្ថានភាពស្ថិតក្នុងក្ដីបារម្ភឡើងវិញ បន្ទាប់ពីបានរកឃើញស្ត្រីម្នាក់ឆ្លងវីរុសកូរ៉ូណា ដែលមិនត្រូវបានគេដឹងប្រភពចម្លងច្បាស់លាស់ ហើយត្រូវបានចាត់ទុកជាការករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង។
ស្ត្រីម្នាក់វ័យ ៥៦ឆ្នាំជាភរិយារបស់លោក ឆែម សាវុធ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនោះ ត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃអាទិត្យកន្លងមកនេះ ប៉ុន្តែ ប្រភពនៃការឆ្លងនេះមិនត្រូវបានគេដឹងនៅឡើយទេ។
ក្រោយពីភរិយារបស់លោកបានឆ្លងវីរុសកូរ៉ូូណាហើយនោះ ក្រសួងសុខាភិបាលក៏បានរកឃើញផងដែរថា លោក ឆែម សាវុធ ផ្ទាល់ និងមនុស្សយ៉ាងហោចណាស់ ១៣នាក់ទៀត ដែលជាសមាជិកក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធនឹងមន្ត្រីរូបនេះ បានឆ្លងវីរុសកូរ៉ូណាផងដែរ។
ក្រោយផ្ទុះករណីឆ្លងនេះភ្លាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកករណីនេះជា «ករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង» ក៏ព្រោះតែភរិយារបស់លោក ឆែម សាវុធ មិនបានធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ។
ភ្លាមៗក្រោយរកឃើញករណីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់ និងអ្នកពាក់ព័ន្ធទាំងឡាយ ឱ្យធ្វើតេស្តពិនិត្យសុខភាព និងរក្សាខ្លួនដាច់ដោយឡែកយ៉ាងតិច ១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាព។
មុនការរកឃើញថា ភរិយារបស់លោកផ្ទុកវីរុសកូរ៉ូណានោះ លោក ឆែម សាវុធ បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក្នុងនោះមានកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងមន្ត្រីពន្ធនាគារផងដែរ។
នៅឯពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវនៅក្រុងសៀមរាបនៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាអាចនឹងប្រឈមមុខនឹងមហន្តរាយធំធេង ប្រសិនបើមិនអាចគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃករណីនេះដែលសម្ដេចហៅថា «ព្រឹត្តិការណ៍ ២៨វិច្ឆិកា»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ព្រោះនេះ វាធំធេងជាងសង្គ្រាមទល់ដែន។ សង្គ្រាមទល់ដែន វាមានម៉ោងមានពេលរបស់វា ប៉ុន្តែ សង្គ្រាមប្រឆាំងកូវីដ អត់មានពេលវេលា»។
ជាមួយក្ដីបារម្ភនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាខ្ទង់ ៣០ម៉ឺនដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រី ២ម៉ឺនរៀលក្នុងមួយគ្រួសារ ដែលត្រូវពិនិត្យសុខភាព និងព្យាបាលជំងឺអំឡុងពេលធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍បែបនេះ រដ្ឋាភិបាលបានសម្រេចហាមឃាត់ការជួបជុំមនុស្សលើសពី ២០នាក់ ក្នុងហាមឃាត់ទាំងពិធីមង្គលការផងដែរនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
រាល់សវនាការទាំងអស់នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្អាកទាំងអស់ លើកលែងតែសេវារដ្ឋបាលតែប៉ុណ្ណោះ ដែលនៅរក្សាដំណើរការធម្មតា។ ចំណែកឯសារមន្ទីរ រោងភាពយន្ត និងការសម្ដែងសិល្បៈនានា ដែលធ្លាប់ត្រូវបានផ្អាក២លើករួចមកហើយនោះ ត្រូវបានរដ្ឋាភិបាលណែនាំឱ្យផ្អាកជាលើកទី៣រយៈពេល ១៥ថ្ងៃ។
សម្រាប់វិស័យអប់រំវិញ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០នៅត្រឹមថ្ងៃនេះ ហើយពន្យារពេលបើកបវេស្សនកាលថ្មីរហូតដល់ខែមករាឆ្នាំក្រោយ ប៉ុន្តែ ក្រសួងអនុញ្ញាតឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ដែលត្រូវធ្វើនៅថ្ងៃនេះ ត្រូវបន្តដំណើរការទៅតាមធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ ហើយការប្រឡងបាក់ឌុបនាខែធ្នូ នឹងត្រូវរក្សាទុកដដែល។
បណ្ដាក្រសួង និងស្ថាប័នមួយចំនួន ត្រូវបានសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្នសិន ហើយមន្ត្រីបម្រើការនៅក្រសួង ឬស្ថាប័នពាក់ព័ន្ធនឹងករណីនេះ ត្រូវបានតម្រូវឱ្យរក្សាខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ។
ចំនួនមនុស្ស ១៤នាក់ហើយដែលពាក់ព័ន្ធនឹងភរិយារបស់លោក ឆែម សាវុធ ត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងវីរុសកូរ៉ូណានៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយមកនេះ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កូនស្រីរបស់លោក ឆែម សាវុធ អាចជាមនុស្សទី១៥ ដែលបានឆ្លងវីរុសនៅក្នុងករណីឆ្លងក្នុងសហគមន៍នេះ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃម្សិលមិញនេះ សំណាកយកពីមនុស្សដល់ទៅ ៣,៣៣២នាក់ ត្រូវបានយកទៅវិភាគ ប៉ុន្តែ សំណាកទើបតែ ២,២៤៨ ត្រូវបានធ្វើតេស្តរួចរាល់ហើយនៅត្រឹមព្រឹកថ្ងៃចន្ទនេះ៕