ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨វិច្ជិកាត្រូវបានបិទបញ្ចប់ទៅមែន ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តក្រើនរំឭកទៅដល់ប្រជាពលរដ្ឋទូទៅ ឱ្យបន្តអនុវត្តវិធានការអនាម័យ និងការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដដែល។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការបិទបញ្ចប់នៃព្រឹត្តិការណ៍ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ដែលបានផ្ទុះឡើងអស់រយៈពេលមួយខែគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំយកឱកាសនេះប្រកាសបញ្ចប់នូវព្រឹត្តិការណ៍២៨វិច្ឆិកា គាប់ជួនថ្ងៃនេះត្រូវជាខួបលើកទី២២ នៃថ្ងៃបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការឯកភាពជាតិទាំងស្រុង»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ «យើងបានខិតខំស្វែងរកគ្រប់ច្រកល្ហក ពុំមានការសង្ស័យណានៅសេសសល់ទៀតទេ»។
ប្រមុខរាជរដ្ឋាភិបាលរូបនេះ បានថ្លែងថា លោកបានវាយតម្លៃកាលពីពាក់កណ្ដាលខែធ្នូនេះថា ព្រឹត្តិការណ៍២៨វិច្ឆិកា នឹងត្រូវអូសបន្លាយរហូតដល់ពាក់កណ្ដាលខែមករាឆ្នាំក្រោយ ប៉ុន្តែ លោកសម្រេចចិត្តបិទបញ្ចប់នូវព្រឹត្តិការណ៍នេះ បន្ទាប់ពីមើលឃើញថា កម្ពុជាពុំបានរកឃើញករណីឆ្លងថ្មីពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាអស់រយៈពេល ១៤ថ្ងៃមកហើយ ហើយអ្នកជំងឺ៣៨នាក់ក្នុងចំណោមអ្នកជំងឺ៤១នាក់ដែលឆ្លងជំងឺកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ត្រូវបានព្យាបាលជាសះស្បើយហើយរហូតមកដល់ថ្ងៃនេះ ដោយនៅសល់តែអ្នកជំងឺ ៣នាក់ទៀតប៉ុណ្ណោះ កំពុងស្ថិតក្រោមការព្យាបាលបន្ត។
ជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន និងអាជីវកម្មនានានៅទូទាំងប្រទេស ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលបានបន្តក្រើនរំឭកឱ្យបន្តអនុវត្តតាមវិធានការអនាម័យ និងការពារខ្លួនទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា បានកន្លងផុតទៅមែន ប៉ុន្តែ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក នៅមិនទាន់ផុតរលត់ទៅនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើទោះបីថ្ងៃនេះ យើងបិទបញ្ចប់នូវព្រឹត្តិការណ៍២៨វិច្ឆិកាក៏ដោយ ប៉ុន្តែ មិនមែនមានន័យថា កូវីដត្រូវបានបញ្ចប់នោះទេ។ កូវីដនៅលើពិភពលោកនេះ ឆ្លងយ៉ាងកាចសហាវ»។
គិតមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ៣៦៤នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមនុស្ស ៤១នាក់បានឆ្លងវីរុសនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា អ្នកជំងឺ ៣៦០នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ដោយនៅសល់អ្នកជំងឺ ៤នាក់ទៀត បន្តស្ថិតក្រោមការព្យាបាលនៅឡើយ៕