រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ដំណើរ​ការ​ឡើង​វិញ


រាជធានី​ភ្នំពេញ
សកម្មភាព​ចរាចរណ៍​នៅ​តាម​លើ​មហាវិថី​ព្រះរោត្ដម កាល​ពី​ខែ​មិថុនា​ក្នុង​ឆ្នាំ​២០២០ ចំ​ពេល​ពិភព​លោក​ប្រឈម​មុខ​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។ (ជ័យ ច័ន្ទ​ខេមរា)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 18 Nov 2020 | 0 Comments |

កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​នានា​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​លទ្ធផល​តេស្ត​លើក​ទី​៤​ទៅ​លើ​មនុស្ស​ជាង ១,៤០០​នាក់ បង្ហាញ​ថា គ្មាន​នរណា​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​នេះ​ថា លទ្ធផល​តេស្ត​លើក​ទី​៤​លើ​មនុស្ស ១,៤២២​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា បាន​បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​បន្ថែម​ទៀត​នោះ​ឡើយ។

បន្ទាប់​ពី​ចេញ​លទ្ធផល​បែប​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​នៅ​ត្រឹម​ថ្ងៃ​នេះ ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ពិធី​មង្គលការ​ឡើង​វិញ​ផង​ដែរ។

ក្រៅ​ពី​ពិធី​មង្គលការ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​​រោងភាព​យន្ត សារមន្ទីរ សាលារៀន​នានា​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្ដាល និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ទោះជាយ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន នៅ​តែ​ជំរុញ​ឱ្យ​អនុវត្ត​វិធានការ​អនាម័យ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដដែល ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​នេះ។

មនុស្ស​ដល់​ទៅ​ជាង ១,៤០០​នាក់ ក្នុង​នោះ​មាន​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ផង​ដែរ បាន​ធ្វើ​ចត្តាឡីស័ក ឬរក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ លោក ស៊ីចាតូ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​លោកធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា ហើយ​ទៅ​ដល់​ប្រទេស​ថៃ។

គិត​មក​ដល់​ថ្ងៃ​នេះ មាន​តែ​មនុស្ស ៤​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ការទូត​ហុងគ្រី​ ១​រូប​ផង​ដែរ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ហុងគ្រី៕