ADB ​ទម្លាក់​កម្ចី ២៥០​លាន​ដុល្លារ​ដល់​​កម្ពុជា​​ឆ្លើយ​តប​​​វិបត្តិ​សុខភាព


គ្រួសារក្រីក្រ
គូ​ស្វាមី​ភរិយា​មួយ​គូ និង​កូន​ប្រុស​តូច​ៗ​របស់​ពួកគាត់ សម្រាក​ហូប​បាយ​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ជាប់​របង​គេហដ្ឋាន​មួយ​ស្ថិត​នៅ​សង្កាត់​បឹងកេងកង ជា​តំបន់​ប្រមូល​ផ្ដុំ​ដោយ​អគារ​ខ្ពស់ៗ និង​គេហដ្ឋាន​ធំៗ។ (មេគង្គ ដេលី)

សេដ្ឋកិច្ច | ជ័យ ច័ន្ទមុន្នី | 12 Jul 2020 | 0 Comments |

ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ​មួយ​ បាន​ប្រកាស​​ឲ្យ​ដឹង​ពី​ការ​យល់​ព្រម​ផ្ដល់​កម្ចី​ទំហំ ២៥០​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ដើម្បី​​ឆ្លើយ​តប​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា (ខូវីដ-១៩)។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​មក​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ប្រកាស​ថា កម្ចី​ទំហំ ២៥០​លាន​ដុល្លារ ត្រូវ​បាន​ធនាគារ​មួយ​នេះ​សម្រេច​ទម្លាក់​មក​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ប្រទេស​នេះ​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ កម្ចី​ទំហំ ២៥០​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា បង្កើន​ជំនួយ​សង្គម​ផ្ដល់​ទៅ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ និង​ផ្ដល់​​កម្លាំង​ផ្នែក​សេដ្ឋកិច្ច​ទៅ​ដល់​អាជីវកម្ម​នានា ក្នុង​នោះ​មាន​ទាំង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក Masatsugu Asakawa បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កម្ចី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​យូរ​អង្វែង​របស់​ធនាគារ​មួយ​នេះ​ ដែល​ផ្ដោត​លើ​ការ​គាំ​ទ្រដល់​​ការ​ស្ដារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​និរន្តភាព​ហិរញ្ញវត្ថុ។

«កម្ពុជា​មាន​ប្រវត្តិ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​បាន​ល្អ ប៉ុន្តែ ខូវីដ-១៩ គំរាម​កំហែង​បំផុ្លាញ​វឌ្ឍនភាព​នៅ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ ដូចជា ស្ត្រី និង​ពលករ​ចំណាក​ស្រុក» សម្ដី​លោក Masatsugu Asakawa ត្រូវ​បាន​ស្រង់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន។

​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ​នេះ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា នឹង​​ធ្លាក់​ចុះ​អវិជ្ជមាន​រហូត​ដល់ដក ៥.៥​ភាគរយ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកង​ជើង និង​ផលិត​ធ្វើ​ដំណើរ និង​កំណើន​យឺត​យ៉ាវ​នៅ​ក្នុង​សកម្មភាព​វិស័យ​សំណង់។

បើ​តាម​ការ​វាយ​តម្លៃ​ដោយ​ធនាគារ​មួយ​នេះ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កម្ពុជា នឹង​​រុញ​ច្រាន​មនុស្ស​ដល់​ទៅ ១.៣​លាន​នាក់​ថែម​ទៀត ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ។

ធនាគារ​មួយ​នេះ បាន​និយាយ​ថា កម្ពុជា​បាន​ដាក់​ចេញ​នូវ​​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​ខូវីដ-១៩​ដ៏​ទូលំ​ទូលាយ​មួយ​កាល​ពី​​ខែ​មីនា​កន្លង​មក ដោយ​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​កញ្ចប់​ថវិកា​ទំហំ ៨១៥.៧​លាន​ដុល្លារ ឬ​ស្មើ​នឹង ៣.២​ភាគរយ​នៃ​​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ដែល​ត្រូវ​បាន​ព្យាករ​ទុក​នៅ​ឆ្នាំ​២០២០​នេះ។

បើ​តាម​ធនាគារ​មួយ​នេះ កម្ពុជា​បាន​ចាក់​បញ្ចូល​លុយ ១៥០​លាន​ដុល្លារ​ដើម្បី​​សម្រាប់​គាំ​ទ្រ​ដល់​​ធនាគារ​ដែល​ទម្លាក់​កម្ចី​ទៅ​សហគ្រាស​អាជីវកម្ម​ខ្នាត​តូច និង​ខ្នាត​មធ្យម និង​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ទំហំ ៣០០​លាន​ដុល្លារ​ទៀត សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ ដែល​មាន​ចំនួន​ប្រហែល ២.៤​លាន​គ្រួសារ​នៅ​ទូទាំង​ប្រទេស៕