ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍បញ្ចុះតម្លៃ Black Friday នៅសហរដ្ឋអាមេរិក តែងតែបង្ហាញឱ្យឃើញពីកំណើននៃទំហំចំណាយរបស់មនុស្សម្នាទៅលើទំនិញគ្រប់ប្រភេទអំឡុងពេលចុងឆ្នាំនេះ ប៉ុន្តែ នៅឆ្នាំនេះ ខុសពីឆ្នាំមុនៗដាច់ ដោយការលក់ទំនិញនៅថ្ងៃ Black Friday នេះស្ងប់ស្ងាត់ជាងសព្វមួយដង។
សារព័ត៌មាន CNN របស់អាមេរិក រាយការណ៍ថា ទំហំនៃការលក់ទំនិញនៅចំព្រឹត្តិការណ៍ Black Friday ដែលចំថ្ងៃទី២៧ ខែវិច្ឆិកានេះ បានធ្លាក់ចុះដល់ទៅ ៥២ភាគរយ បើធៀបនឹងឆ្នាំមុន។
របាយការណ៍របស់ក្រុមហ៊ុន Sensormatic Solutions បាននិយាយថា ការធ្លាក់ចុះបែបនេះ គឺបណ្ដាលមកពីក្ដីបារម្ភពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា និងការធ្លាកចុះនៃសេដ្ឋកិច្ចព្រោះតែវិបត្តិសុខភាពសកល។
ចំណែកនៅចំព្រឹត្តិការណ៍ Thanksgiving Day វិញ ការលក់ទំនិញវិញបានធ្លាក់ចុះដល់ទៅ ៩៥វភាគរយឯណោះ ដោយសារតែហាងជាច្រើនបានបិទទ្វាររបស់ពួកគេ ដើម្បីផ្ដល់ពេលវេលាដល់បុគ្គលិកឈប់សម្រាក ហើយចៀសផុតពីមនុស្សម្នាអ៊ូរអរ។
ទោះជាយ៉ាងណា របាយការណ៍ដដែល រកឃើញថា ការបញ្ជាទិញទំនិញតាមអនឡាញ បានក្លាយជាជម្រើសដ៏ធំសម្រាប់អតិថិជនដែលបានចំណាយថវិកាដល់ទៅ ៩ពាន់លានដុល្លារ ពោលគឺស្មើនឹង ២៧.៥០ដុល្លារក្នុងមួយនាក់។ បើធៀបនឹងឆ្នាំមុនេះ តួលេខនេះបានកើនឡើង ២១.៦ភាគរយ ដោយឆ្នាំមុន ការបញ្ជាទិញតាមអនឡាញមានទំហំត្រឹមតែ ៧.៤ពាន់លានដុល្លារតែប៉ុណ្ណោះ៕