តើ​អ្នក​ដឹង​ទេថា មនុស្ស​ប៉ុន្មាន​នាក់​រស់នៅ​ខ្វះ​ទឹក​ស្អាត​នៅ​លើ​ពិភព​លោក?


ស្ត្រី​ឥណ្ឌា និង​កូនតូចៗ
ស្ត្រី​ជន​ជាតិ​ឥណ្ឌា និង​កូន​តូចៗ​របស់​គាត់​ បោក​សម្លៀក​បំពាក់​នៅ​រដ្ឋ​មហារាស្ត្រ ប្រទេស​ឥណ្ឌា ឆ្នាំ​២០១៩។ (UN)

​អន្តរ​​ជាតិ | ជ័យ ច័ន្ទមុន្នី | 20 Nov 2020 | 0 Comments |

ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក មាន​ចំនួន​សរុប ៧.៧​ពាន់​លាន​នាក់​​រស់​នៅ​ក្នុង​ប្រទេស​នៃ​បណ្ដា​ទ្វីប​ធំ​ៗ​ទាំង​៥ ហើយ​មនុស្ស​ជាតិ​រស់នៅ​ក្នុង​ស្ថានភាព​ខុស​គ្នា​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។

ទន្ទឹម​នឹង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ខ្លះ​រស់នៅ​ក្នុង​ស្ថានភាព​សុខដុម​រមនា​នោះ មនុស្ស​ជាច្រើន​ពាន់​លាន​នាក់​ទៀត បែរ​ជា​មាន​ជីវិត និង​ស្ថានភាព​រស់​ខុស​គ្នា​ទាំង​ស្រុង​ទៅ​វិញ។

របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ខែ​មិថុនា​ក្នុង​ឆ្នាំ​នេះ បាន​លើក​ឡើង​ថា មនុស្ស ២.២​ពាន់​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក រស់​នៅ​ដោយ​ពុំ​មាន​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​នោះ​ឡើយ ខណៈ​ដែល​មនុស្ស​ជាតិ ៤.២​ពាន់​លាន​នាក់​ទៀត រស់នៅ​ដោយ​ខ្វះ​ខាត​សេវា​អនាម័យ។

របាយការណ៍​របស់​មូលនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​សុខភាព​ពិភព​លោក បាន​រក​ឃើញ​ថា មនុស្ស​ជាតិ ៣​ពាន់​លាន​នាក់ រស់នៅ​ដោយ​កង្វះ​សម្ភារៈ​សម្រាប់​លាង​សម្អាត​ដៃ​របស់​ពួកគេ​ថែម​ទៀត​ផង។

របាយការណ៍​ដដែល​នេះ ក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស ១.៨​ពាន់​លាន​នាក់ បាន​ទទួល​សេវា​ទឹក​​ផឹក​ជាមូលដ្ឋាន ប៉ុន្តែ ទឹក​ផឹក​ទាំង​នោះ​គ្មាន​គុណភាព​ទៅ​វិញ។

បើ​តាម​របាយការណ៍​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១​នាក់​នៅ​ក្នុង​ចំណោម​មនុស្ស ១០​នាក់ មិន​ទាន់​ទទួល​បាន​សេវា​ទឹក​ស្អាត​ជាមូលដ្ឋាន​នៅ​ឡើយ​ទេ ដែល​មាន​ន័យ​ថា មនុស្ស​ដល់​ទៅ ១៤៤​លាន​នាក់​នៅ​លើ​ពិភព​លោក កំពុង​ទទួល​ទាន​ទឹក​ដោយ​មិន​ឆ្លង​កាត់​ប្រព័ន្ធ​ចម្រោះ​អនាម័យ​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត មនុស្ស ៨​នាក់​ក្នុង​ចំណោម ១០​នាក់​នៅ​តាម​តំបន់​ជន​បទ មិនអាច​ទទួល​បាន​សេវា​ទឹក​ស្អាត​នោះ​ឡើយ៕