កម្ពុជាបានរកឃើញពលករ ១២នាក់ទៀតឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីប្រទេសថៃ ដែលធ្វើឱ្យចំនួនពលករឆ្លងជំងឺនេះ កើនឡើងដល់ ១៤នាក់ហើយ។
ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា ពលការិនី ១២នាក់ ដែលមានអសយដ្ឋាននៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃម្សិលមិញនេះ។
បើតាមក្រសួង ពលការិនីខ្មែរទាំងនោះ បានធ្វើដំណើរត្រឡប់ពីប្រទេសថៃ ហើយមកដល់កម្ពុជាចន្លោះពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូកន្លងមកនេះ។
ក្រសួងបញ្ជាក់ថា ពលការិនី ២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណៈពលការីនី ១០នាក់ទៀត ដែលមានលំនៅឋាននៅខេត្តប៉ៃលិននោះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសថា បុរសខ្មែរម្នាក់អាយុ២១ឆ្នាំ ដែលជាបុគ្គលិកបម្រើការងារនៅហាងលក់សម្លៀកបំពាក់ Pedro នោះ ត្រូវបានព្យាបាលជាសះស្បើយហើយ។ បុរសម្នាក់នេះ បានឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា។
គិតមកដល់ថ្ងៃនេះ មនុស្ស ៣៧៨នាក់ហើយ ក្នុងនោះមានពលករខ្មែរ ១៤នាក់ផងដែរ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេស ហើយក្រសួងបានប្រកាសថា អ្នកជំងឺ ៣៦២នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕