រដ្ឋាភិបាល​បង្កើត​ក្រុម​ចម្រុះ​​ដឹកនាំ​កសាង​​ផ្លូវ​​ថ្នល់​នៅ​ក្នុង​​ក្រុង​សៀមរាប


ចរាចរណ៍​នៅ​សៀមរាប
ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​យ៉ាង​កក​ស្ទះ​នៅ​លើ​ដង​វិថី​នានា​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២០។ (ទៀ សីហា)

អចលនទ្រព្យ | ជ័យ ច័ន្ទមុន្នី | 10 Sep 2020 | 0 Comments |

ក្រុម​មួយ​ដែល​មាន​សមាស​ភាព​មក​ពី​ក្រសួង​នានា ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​សាង​សង់​ផ្លូវ​ថ្នល់​នៅ​ក្រុង​សៀមរាប បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​នូវ​កញ្ចប់​ថវិកា​ដល់​ទៅ ១៥០​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត​ទេសចរណ៍​​មួយ​នេះ។

ក្នុង​សេចក្ដី​សម្រេច​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ ដែល​​សមាសភាព​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ចំនួន ១៨​រូប ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់។

បើ​តាម​សេចក្ដី​សម្រេច ក្រុម​ចម្រុះ​មួយ​នេះ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ដឹកនាំ​លើ​ការ​សិក្សា និង​អនុវត្ត​គម្រោង​សាង​សង់​ផ្លូវ​ថ្នល់​ចំនួន ៣៨​ខ្សែ​​នៅ​ក្នុង​ក្រុង​សៀមរាប ដែល​គម្រោង​នេះ​ត្រូ​វ​បាន​ចាត់​ទុក​ថា ជា​ការ​បង្កើត​ការងារ និង​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ ជំរុញ​កំណើន​ទេសចរ កំណើន​សេដ្ឋកិច្ច​ជាតិ និង​សោភ័ណភាព​ទីក្រុង។

ក្រុម​ចម្រុះ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ នូវ​សេចក្ដី​សម្រេច​ចិត្ត​បញ្ចេញ​កញ្ចប់​ថវិកា​ដល់​ទៅ ១៥០​លាន​ដុល្លារ ដើម្បី​កសាង​ផ្លូវ​ថ្នល់​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ។

បើតាម​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ គម្រោង​សាង​សង់​ផ្លូវ​ថ្នល់​ក្នុង​ក្រុង​សៀមរាប គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១​ខាង​មុខ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​រំពឹង​ថា នឹង​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ ក្រោយ​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឡើង និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ឆ្នាំ​នេះ៕