១០​ខែ​កន្លង​មក​នេះ សប្បុរជន​បរិច្ចាគ​ថវិកា​ជាង​៥​​លាន​ដុល្លារ​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា


មន្ទីរ​ពេទ្យ​គន្ធបុប្ផា
ប្រជាជន​កម្ពុជា​នាំ​កូនៗ​របស់​ពួកគេ​អង្គុយ​រង់ចាំ​ការ​ផ្ដល់​សេវា​ត្រួត​ពិនិត្យសុខភាព ថែទាំ និង​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​មុន។ (CKF)

​កម្ពុជា | ជ័យ ច័ន្ទមុន្នី | 20 Nov 2020 | 0 Comments |

មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​ទទួល​បាន​មូល​និធិ​សរុប​ជិត ៤០០​លាន​រៀល និង​ជាង ៦០​ម៉ឺន ដែល​ជួយ​ជ្រោម​ជ្រែង​ដោយ​សប្បុរជន​ដល់​ទៅ​ជាង ៥,០០០​នាក់​​នៅ​ក្នុង​ខែ​តុលា​កន្លង​មក​នេះ។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ចំនួន​ថវិកា​ដែល​សប្បុរជន​បរិច្ចាគ​សម្រាប់​ជួយដល់​កុមារ​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ប្រកាស​ថា សប្បុរជន​បាន​បរិច្ចាគ​ថវិកា ៣៧៤,៣២៤,១០០​រៀល និង ៦៦៣,៥៦២​ដុល្លារនៅ​ក្នុង​ខែ​តុលា​កន្លង​មក​នេះ ដែល​ថវិកា​ទាំង​នេះ​បាន​មក​ពី​ការ​បរិច្ចាគ​របស់​សប្បុរជន​ដល់​ទៅ ៥,២៧៦​រូប។

នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​កញ្ញា​ក្នុង​ឆ្នាំ​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួ​ល​ថវិកា​សរុប​ជិត ៤​លាន​ដុល្លារ (៣,៩៣៧,៥៩៥.១៦​ដុល្លារ) ឬ​ស្មើ​នឹង​ជាង ៤៤,៦០៥​លាន​រៀល (៤៤,៦០៥,០៥០,៧០៣.៦៤​រៀល)។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨​កន្លង​មក បន្ទាប់​ពី​មរណភាព​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត បេអាត រីចន័រ (BEAT RICHNER)៕