ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសថា ធនាគារមួយនេះទទួលបានប្រាក់ចំណេញដល់ទៅជាង ៣៤លានដុល្លារនៅត្រីមាសទី៣ក្នុងឆ្នាំនេះ ដោយបានកើនឡើងដល់ទៅជិត ២៥ភាគរយ បើធៀបនឹងត្រីមាសទី៣ក្នុងឆ្នាំកន្លងមក។
ធនាគារមួយនេះ បានប្រកាសឱ្យដឹងអំពីរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៣របស់ខ្លួនបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទកន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ ធនាគារអេស៊ីលីដា បានឱ្យដឹងថា ខ្លួនទទួលបានចំណូលសរុបដល់ទៅ ១៤២.៤៧លានដុល្លារនៅចន្លោះខែកក្កដា ដល់ចុងខែកញ្ញាឆ្នាំ២០២០នេះ ដោយបានកើនឡើង ១.៤០លានដុល្លារ ឬប្រហែល ០.៩៩ភាគរយ បើធៀបនឹងប្រាក់ចំណូល ៣៤.៦២លានដុល្លារ ដែលធនាគារនេះរកបានកាលពីត្រីមាសទី៣ឆ្នាំ២០១៩កន្លងមក។
សម្រាប់ប្រាក់ចំណេញវិញ ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ទទួលបាន ៣៤.៦២លានដុល្លារអាមេរិក ឬកើនឡើង ៦.៨៩លានដុល្លារអាមេរិក ឬមានកំណើន ២៤.៨៦ភាគរយ បើធៀបនឹងប្រាក់ចំណេញរបស់ធនាគារនេះកាលពីចន្លោះខែកក្កដាដល់ខែកញ្ញាកាលពីឆ្នាំមុន។
ធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជានេះ បានប្រកាសឱ្យដឹងពីកំណើនប្រាក់ចំណេញរបស់ខ្លួនបែបនេះ នៅចំពេលដែលកម្ពុជា និងពិភពលោក កំពុងជួបប្រទះនឹងក្ដីបារម្ភនៃវិបត្តិសុខភាពសកល ដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាចាប់តាំងពីដើមឆ្នាំនេះមក។
មន្ត្រីទំនាក់ទំនងសាធារណៈ អ្នកស្រី ម៉ារ អមរា ដែលជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា បានទទួលស្គាល់ពីប៉ះពាល់នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ទៅលើគ្រប់វិស័យ។
ប៉ុន្តែ អ្នកស្រី អមរា អះអាងថា ធនាគារអេស៊ីលីដាបានសម្របសម្រួលទៅនឹងស្ថានការណ៍បែបនេះ តាមរយៈការកែសម្រួលរបៀបផ្ដល់ឥណទាន និងការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប។
អ្នកស្រី ម៉ារ អមរា មានប្រសាសន៍ថា៖ «ប៉ុន្តែ ធនាគារអេស៊ីលីដា បានបង្កើតឱ្យមានភាពវិជ្ជមានដោយបង្កើតឱ្យមានកម្មវិធីសំណើសុំឥណទានដែលមានភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់ដោយមធ្យោបាយឌីជីថលតាមរយៈកម្មវិធីអេស៊ីលីដា'សេវាអេស៊ីលីដាយូនីធីទាត់ចិត្ត'»។
អ្នកស្រី អមរា មានប្រសាសន៍បន្ថែមថា៖ «ហើយវាក៏អាចប្រើជាមួយគណនីមានកាលកំណត់ផងដែរ រួមជាមួយអត្រាការប្រាក់សម្រាប់ឥណទានដែលមានភាពបត់បែន»។
អ្នកស្រី អមរា បានឱ្យដឹងទៀតថា ធនាគារអេស៊ីលីដា បន្តជំរុញការផ្ដល់កម្ចីទៅដល់អតិថិជនគ្រប់វិស័យនៅអំឡុងស្ថានភាពបែបនេះតាមរយៈការទម្លាក់អត្រាការប្រាក់របស់ខ្លួន ដែលអ្នកស្រីអះអាងថា ជំរុញឱ្យការផ្ដល់កម្ចីទៅដល់អតិថិជនរក្សាបានកំណើនដល់ទៅ ៧ភាគរយឯណោះបើធៀបនឹងតួលេខដំណាច់ឆ្នាំ២០១៩កន្លងមក។
របាយការណ៍របស់ធនាគារអេស៊ីលីដា បង្ហាញថា ធនាគារនេះទទួលបានកំណើនប្រាក់បញ្ញើ ១៥៨.១៧លានដុល្លារនៅក្នុងត្រីមាសទី៣កន្លងមកនេះ ខណៈទំហំប្រាក់កម្ចីដែលធនាគារនេះទម្លាក់ទៅឱ្យអតិថិជន ទទួលបានកំណើនដល់ទៅ ២៦៤.៥៤លានដុល្លារ បើធៀបនឹងតួលេខដំណាច់ឆ្នាំ២០១៩កន្លងមក។
គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដាផ្ដល់កម្ចីសរុបដល់ទៅជាង ៤,១៤៤លានដុល្លារទៅដល់អតិថិជនគ្រប់វិស័យនៅទូទាំងប្រទេស៕