ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសអំពីការអនុម័តផ្ដល់ប្រាក់កម្ចីជាង ១០០លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរការសាងសង់ និងភ្ជាប់បណ្ដាញអគ្គិសនីរបស់ប្រទេសនេះ។
ការអនុម័តកម្ចីដល់កម្ពុជានេះ ត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃនេះតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុងម៉ានីល ស្ថិតក្នុងប្រទេសហ្វីលីពីន។
បើតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្ដល់កម្ចីទំហំ ១២៧.៨លានដុល្លារសម្រាប់កម្ពុជាយកមកចំណាយលើដំណើរការសាងសង់បណ្ដាញបញ្ចូនចរន្តអគ្គិសនី និងអនុស្ថានីយ៍អគ្គិសនី ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថេរភាពសម្រាប់រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អ្នកស្រី ស៊ុននីយ៉ា ឌូរ៉ានី ចាម៉ាល់ (Sunniya Durrani-Jamal) បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កម្ចីដែលផ្ដល់ទៅកម្ពុជានេះ អាចជួយឲ្យកម្ពុជាចែកចាយថាមពលអគ្គិសនីក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍដោយស្មើភាព។
អ្នកស្រី ស៊ុននីយ៉ា ឌូរ៉ានី ចាម៉ាល់ និយាយថា៖ «គម្រោងពង្រីកបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ រួមជាមួយការបន្តផ្ដល់ជំនួយរបស់ ADB ទៅដល់កម្ពុជាក្នុងផែនការប្រព័ន្ធថាមពលអគ្គិសនីនេះ បង្ហាញថា ការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តភាព អាចត្រូវបានផ្ដល់ក្នុងតម្លៃសមរម្យសម្រាប់គាំទ្រដល់ការអភិវឌ្ឍដោយស្មើភាព»។
អ្នកស្រី ស៊ុននីយ៉ា បន្ថែមថា ប្រព័ន្ធស្តុកថាមពលអគ្គិសនីនេះ នឹងបង្ហាញពីរបៀបដែលការដាក់ចេញនូវការអនុវត្តបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត អាចត្រូវបានយកមកប្រើប្រាស់នៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីកម្ពុជានាពេលអនាគត និងផលិតថាមពលកកើតឡើងវិញកាន់តែច្រើន។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គម្រោងពង្រីកបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ នឹងដំណើរការនូវប្រព័ន្ធផផ្ទុកថាមពលទំហំធំលើកដំបូងនៅកម្ពុជា ដែលទទួលបានជំនួយ ៦.៧លានដុល្លារ ក្នុងនោះទឹកប្រាក់ ៤.៧លានដុល្លារ ទទួលបានពីកម្មវិធីពង្រីកថាមពលកកើតឡើងវិញនៅតាមបណ្ដាប្រទេសមានប្រាក់ចំណូលទាប និងប្រាក់ ២លានដុល្លារទៀត បានមកពីមូលនិធិថាមពលស្អាត។
ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍវិស័យថាមពលជាអាទិភាពជាតិ ខណៈដែលការផ្គត់ផ្គង់ថាមពលកាន់តែច្រើន នឹងជួយជំរុញផលិតកម្មសេដ្ឋកិច្ច និងគុណភាពជីវិត។
ADB បាននិយាយថា កម្ចីនេះនឹងជួយអគ្គិសនីកម្ពុជាឲ្យពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តអគ្គិសនីតាមរយៈការសាងសង់បណ្ដាញបញ្ជូនអគ្គិសនី ១១៥ ទៅ ២៣០គីឡូវ៉ាត់ និងអនុស្ថានីយ៍ចំនួន ១០នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ។
គិតចាប់តាំងពីឆ្នាំ១៩៩៤មក កម្ចីទំហំជិត ២០០លានដុល្លារ ត្រូវបានធនាគារមួយនេះផ្ដល់ទៅឲ្យវិស័យថាមពលរបស់កម្ពុជា ហើយធនាគារនេះក៏ផ្ដល់ជំនួយបច្ចេកទេសមានតម្លៃ ៦លានដុល្លារផងដែរ៕