ឆ្លងកាត់វិបត្តិសុខភាពសកលដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាអស់រយៈពេល ៧ខែមកនេះ ប្រទេសថៃក៏ដូចបណ្ដាប្រទេសនានានៅលើពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ឬការរីកលូតលាស់នៃសេដ្ឋកិច្ចបានថមថយកំណើន។
ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសគាំទ្រប្រទេសថៃតាមរយៈការផ្ដល់កម្ចីដល់ទៅ ១.៥ពាន់លានដុល្លារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះ ធនាគារពិភពលោក បាននិយាយថា ខ្លួនប្ដេជ្ញាផ្ដល់ការគាំទ្រទាន់ពេលវេលាដល់ប្រទេសថៃ និងជួយកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ចមកលើប្រទេសនេះដែលបណ្ដាលមកពីវិបត្តិជំងឺឆ្លងនេះ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កម្ចីរបស់ធនាគារនេះ នឹងជួយគាំទ្រដល់កញ្ចប់ថវិកាសង្គ្រោះរបស់រដ្ឋាភិបាលថៃ ដែលមានបំណងធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសកាន់តែល្អប្រសើរសម្រាប់ត្រៀមខ្លួនទប់ទល់នឹងរលកដែលអាចកើតមានឡើងនាពេលអនាគតនៃវីរុសកូរ៉ូណា។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ កម្ចីដែលធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ទៅប្រទេសថៃ ក៏ជួយការពារពលរដ្ឋងាយរងគ្រោះ គាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យនានាដែលទទួលរងផលប៉ះពាល់កើតចេញពីវិបត្តិសុខភាពនេះ ដូចជា វិស័យទេសចរណ៍ និងផលិតកម្ម និងផ្ដល់កម្លាំងជំរុញកំណើនសេដ្ឋកិច្ចទាំងមូល។
ធនាគារអភិវឌ្ឍន៍អាស៊ីចាត់ទុកប្រព័ន្ធសុខាភិបាលថៃថា មានលក្ខណៈទំនើបកាន់តែខ្លាំងហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ ប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះខ្ពស់បំផុតចំពោះជំងឺឆ្លងនេះ ដោយសារតែប្រទេសនេះមានទំនាក់ទំនងយ៉ាងជ្រៅទៅនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
តាមការព្យាករដោយធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដល់ទៅ ៦.៥ភាគរយនៅឆ្នាំ២០២០នេះ ពោលគឺផ្ទុយពីការព្យាករកាលពីខែធ្នូចុងឆ្នាំមុន ដែលប៉ាន់ប្រមាណថា មានកំណើន ៣ភាគរយនោះ៕