ADB អនុម័ត​​កម្ចី​​ ​២៥០​លាន​ដុល្លារ​​ផ្ដល់​ឲ្យ​​ភូមា​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ


ទីក្រុង​រ៉ង់ហ្គូន
ទិដ្ឋភាព​អគារ​លំនៅឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង​រ៉ងហ្គូន ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២០។ (ADB)

​អន្តរ​​ជាតិ | ជ័យ ច័ន្ទមុន្នី | 30 Aug 2020 | 0 Comments |

ប្រទេស​ភូមា​ទទួល​បាន​កម្ចី​ទំហំ​ដល​់​ទៅ ២៥០​លាន​ដុល្លារ​ដែល​ផ្ដល់​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សម្រាប់​គាំ​ទ្រ​ដល់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ប្រយុទ្ធ​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ការ​ផ្ដល់​កម្ចី​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រកាសឲ្យ​ដឹង​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​​កាល​ពីចុង​សប្ដាហ៍​មុន​នៅ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រកាស​ថា ខ្លួន​បាន​អនុម័ត​កម្ចី​ទំហំ ២៥០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ភូមា​ឆ្លើយ​តប​នឹង​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ធនាគារ​មួយ​នេះ ប្រកាស​ទៀត​ថា កម្ចី​ទំហំ ២៥០​លាន​ដុល្លារ​នេះ នឹង​ជួយ​រដ្ឋាភិបាល​ភូមា​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​លើ​សុខភាព​ ជីវភាព និង​សេដ្ឋកិច្ច​របស់​ប្រជាជន ខណៈក៏​ធានា​ផង​ដែរ​ថា ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​ប្រទេស​មួយ​នេះ។

លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ធនាគារ​មួយ​នេះ​តាំង​ចិត្ត​ជួយ​ដល់​ប្រទេស​ភូមា ខណៈ​ដែល​ប្រទេស​នេះ​ឆ្លើយ​តប​នឹង​បញ្ហា​ជំងឺ​ឆ្លង កែលម្អ​សេវា​សុខាភិបាល និង​ត្រៀម​ខ្លួន​ទៅ​ស្ដារ​សេដ្ឋកិច្ច​ងើប​ចេញ​ពី​វិបត្តិ​សុខភាព​សកល​នេះ។

លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា និយាយ​ថា​៖ "ការ​គាំ​ទ្រ​ដ៏​ឆាប់​រហ័ស​បែប​នេះ​របស់​ធនាគារ​អភិវឌ្ឍន៍​ទៅ​ដល់​កញ្ចប់​ថវិកា​រដ្ឋាភិបាល​ភូមា នឹង​ជួយ​រដ្ឋាភិបាល​ប្រទេស​នេះ​ឲ្យ​ផ្ដល់​ជំនួយ​សង្គម​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ ក្រុម​មនុស្ស​ដែល​មិន​ទទួល​បាន​ការ​គាំ​ពារ​ផ្នែក​សេដ្ឋកិច្ច និង​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​រង​ផល​ប៉ះ​ពាល់​ដោយជម្លោះ​ផង​ដែរ ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​ដើម្បី​បង្ការ និង​គ្រប់​គ្រង​វីរុស និង​គាំ​ទ្រ​ដល់​បុគ្គលិក កម្មករ​នៅ​ក្នុង​សហគ្រាស​ធុន​មីក្រូ ខ្នាត​តូច និង​មធ្យម ដែល​ស្ត្រី​ដល់​ទៅ ៣០​ភាគរយ​នៅ​ក្នុង​នោះ"

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​និយាយ​ថា បើ​ទោះបី​ភូមា​ទើប​តែ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ចំនួន​តិច​តួច​ក្ដី ប៉ុន្តែ​ ប្រទេស​នេះ​នៅ​តែ​ងាយ​រង​គ្រោះ​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​ខូវីដ​១៩ ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​ដ៏​ទន់​ខ្សោយ ការ​បំលាស់ទីរបស់​ពលរដ្ឋ ស្ថានភាព​រស់នៅ​​កុះករ​នៅ​តាម​តំបន់​ប្រជុំ​ជន​នានា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាត និង​អនាម័យ​នៅ​មាន​កម្រិត​របស់​ប្រទេស​នេះ។

បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី រដ្ឋាភិបាល​ភូមា​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ បាន​ប្រកាស​បញ្ចេញ​ថវិកា ២.៥​ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​ប្រព័ន្ធ​ថែទាំ​សុខមាលភាព ពង្រីក​ការ​ផ្ដល់​ប្រាក់​ជួយ​ដល់​ពលរដ្ឋ​​ងាយ​រង​គ្រោះ​ចំនួន ៥.៥​លាន​គ្រួសារ និង​ផ្ដល់​ការ​លើក​លែង​ពន្ធ​អាករ កាត់​បន្ថយ​បន្ទុក​ពន្ធ​អាការ និង​វិធានការ​ផ្សេង​ទៀត ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ៕