កម្ពុជាបានរកឃើញអង្គរក្សម្នាក់ដែលផ្ដល់ការការពារគណៈប្រតិភូហុងគ្រីនោះ ឆ្លងវីរុសកូរ៉ូណា តែ ៤ថ្ងៃប៉ុណ្ណោះក្រោយពីប្រមុខការទូតហុងគ្រី លោក ភីធ័រ ស៊ីចាតូ ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណា។
លោក ភីធ័រ ស៊ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយនៅថ្ងៃដដែលនេះ លោក និងគណៈប្រតិភូរបស់លោកបានចាកចេញពីកម្ពុជា ហើយបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសថៃ ជាទីដែលលោកត្រូវបានធ្វើតេស្ត ហើយរកឃើញផ្ទុកវីរុសកូរ៉ូណា។
បន្ទាប់ពីទទួលដំណឹងបែបនេះ កម្ពុជាបានប្រមូលមនុស្សរាប់រយនាក់ធ្វើតេស្តសុខភាព ដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយប្រមុខការទូតហុងគ្រី ប៉ុន្តែ លទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺមិនមាននរណាម្នាក់ឆ្លងវីរុសកូរ៉ូណានោះឡើយ។
ប៉ុន្តែ ក្នុងខ្សែអាត់សំឡេងរយៈពេលជិត ៨នាទីផ្សព្វផ្សាយនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អង្គរក្សជាជនជាតិកម្ពុជាម្នាក់ដែលបានផ្ដល់ការការពារដល់ប្រមុខការទូតហុងគ្រីនោះ ត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងវីរុសកូរ៉ូណា ឬជំងឺខូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមជម្រាបថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបានជ្រាបថា ខ្ញុំបានទទួលព័ត៌មានដែលគួរឱ្យសោកស្ដាយ។ ឥឡូវនេះ បញ្ហាបានមកដល់ហើយ អង្គរក្សដែលការពារផ្ទាល់សម្រាប់រដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានខូវីដ១៩រួចស្រេចទៅហើយ»។
ក្រោយពីទទួលបានដំណឹងបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អ្នកដែលបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី និងអ្នកប៉ះពាល់បន្តពីអ្នកប៉ះពាល់ដោយផ្ទាល់ ឱ្យរក្សាខ្លួននៅដាច់ដោយឡែក និងហាមប៉ះពាល់ទៅអ្នកដទៃបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា៖ «ដូច្នេះ តាមរយៈនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់ដែលមានការទាក់ទងផ្ទាល់ ជាពិសេសបានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីបរទេសហុងគ្រី គឺយកចិត្តទុកដាក់មែនទែនទៅលើបញ្ហាការធ្វើចត្តាឡីស័ក និងការប៉ះពាល់ទៅលើអ្នកដទៃ។ អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬអ្នកដែលចូលទៅកៀកផ្ទាល់ ក៏ដូចជាបានមកជួបជុំក្រុមគ្រួសារទើបដឹងព័ត៌មាន ក៏ត្រូវតែគ្រប់គ្រងកូនចៅឱ្យបានហ្មត់ចត់ ជៀសវាងការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយ ដែលធ្វើឱ្យមានបញ្ហាឆ្លងចូលទៅក្នុងសហគមន៍»។
ជាងនេះទៀត សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំទៅក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ឱ្យគ្រប់គ្រងលើអ្នកប៉ះពាល់រដ្ឋមន្ត្រីការបរទេសហុងគ្រី ឱ្យបានហ្មត់ចត់ ដោយសម្ដេចព្រមានថា «បើមិនដូច្នោះទេ ហានិភ័យនឹងមានខ្ពស់បំផុតសម្រាប់ប្រទេសយើងនៅក្នុងកាលៈទេសៈនេះ»។
ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា លោកមិនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននោះឡើយ ហើយក៏មិនរារាំងមនុស្សទាំងឡាយដែលមិនបានប្រាស្រ័យទាក់ទងនឹងគណៈប្រតិភូហុងគ្រីនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្រើនរំឭកថា៖ «ប៉ុន្តែ ខ្ញុំស្នើឱ្យអ្នកណាក៏ដោយ យកចិត្តទុកដាក់ទៅលើបញ្ហាការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលយើងមិនទាន់មានភាពច្បាស់លាស់នេះ ដោយធ្វើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
នៅយប់ថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានប្រកាសថា ក្រសួង និងសាលារាជធានីភ្នំពេញ បានសម្រេចកំណត់យកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញស្ថិតនៅតំបន់ជ្រោយចង្វារ ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់អ្នកបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រីដែលពុំមានលទ្ធភាពរក្សាខ្លួនដាច់ដោយឡែកដោយខ្លួនឯងបាន។
បើតាមក្រសួងសុខាភិបាល មនុស្សដល់ទៅ ៨៨៩នាក់ហើយ ដែលបានប៉ះពាល់ជាមួយប្រមុខការទូតហុងគ្រី ត្រូវបានប្រមូលយកធ្វើតេស្តសុខភាព ហើយលទ្ធផលរកឃើញថា គ្មាននរណាម្នាក់ផ្ទុកវីរុសកូរ៉ូណានោះទេ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះដល់ទៅ ២៩៥នាក់ហើយ ក្នុងនោះរួមបញ្ចូលទាំងអង្គរក្សដែលទើបរកឃើញថ្មីផងដែរ ហើយក្រសួងសុខាភិបាល បានប្រកាសថា អ្នកឆ្លងវីរុសនេះដល់ទៅ ២៨៨នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈ៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាល៕