កំណាត់​​ផ្លូវ​ជាតិ​លេខ​៣​​ភ្ជាប់​កំពត​ និង​វាលរេញ​សង់​សម្រេច​បាន​​​​​៧៩%​


កំណាត់​ផ្លូវជាតិ​លេខ​៣
កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ភ្ជាប់​ពី​ទីរួម​ខេត្ត​កំពត​ទៅ​តំបន់​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០។ (MPWT)

អចលនទ្រព្យ | ជ័យ ច័ន្ទមុន្នី | 19 Jun 2020 | 0 Comments |

ក្រសួង​សាធារណការ និងដឹក​ជញ្ជូន បាន​អះ​អាង​ថា ដំណើរការ​សាង​សង់​​ឡើង​វិញ​នូវ​ផ្លូវ​ជាតិ​លេខ៣​​ពី​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ​​ភ្ជាប់​ទៅ​កាន់​ខេត្ត​កំពត សម្រេច​បាន​ខ្ទង់ ៨​០​ភាគរយ​ហើយ។

លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃនេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្សព្វផ្សាយ​ថា លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​នេះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៣ ភ្ជាប់​ពី​តំបន់​វាលរេញ​ក្នុង​ខេត្ត​ព្រះសីហនុ ទៅ​កាន់​ទីរួម​ខេត្ត​កំពត ដែល​មាន​ចម្ងាយ ៥៤.៣​៣​គីឡូម៉ែត្រ។

ក្រសួង​បាន​អះ​អាង​បន្ថែម​ថា ដំណើរការ​​ថែទាំ និង​ពង្រឹង​គុណភាព​កំណាត់​ផ្លូវ​ជាតិ​លេខ៣​មួយ​ខ្សែ​នេះ សម្រេច​បាន ៧៩.៦០​ភាគរយ​ហើយ​នៅ​ក្នុង​ចំណោម​ប្រហែង​សរុប​ជាង ៥៤​គីឡូម៉ែត្រ​នោះ។

លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់ ជួស​ជុល និង​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត-វាលរេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០។ (MPWT)

គម្រោង​ថែទាំង និង​ពង្រឹង​គុណភាព​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​មួយ​ខ្សែ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សាង​សង់​ទៅ​ក្រុមហ៊ុន​​​សាជីវកម្ម​ស៊ីឈួន ផ្លូវ និង​ស្ពាន (Sichuan Road & Bridge Group Co., Ltd) ដែល​ជា​ក្រុមហ៊ុន​សំណង់​របស់​រដ្ឋ​ចិន​មក​ពី​​ខេត្ត​ស៊ីឈួន ប្រទេស​ចិន និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​បប្រឹក្សា​បច្ចេកទេស Korea Consultants International Co., Ltd ដែល​ជា​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​វិស្វកម្ម​មក​ពី​កូរ៉េ​ខាង​ត្បូង។

បើ​តាម​គម្រោង កំណាត់​ផ្លូវ​ជាតិ​លេខ៣​​ពី​តំបន់​វាល​រេញ​ទៅ​កាន់​ទីរួម​ខេត្ត​កំពត​នេះ ត្រូវ​ជួស​ជុល​ប្រវែង ៣៤​គីឡូម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ AC ហើយ​កំណាត់​ផ្លូវ​​ប្រវែង ២០​គីឡូម៉ែត្រ​ទៀត ត្រូវ​ជួស​ជុលឡើង​វិញ​តាម​រយៈ​ការ​លើក​កម្ពស់​តួ​ផ្លូវ​ឲ្យ​កម្ពស់ ៤៥​សង់ទីម៉ែត្រ ដើម្បី​ពង្រឹង​តួ​ផ្លូវ និង​ការពារ​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា។

គម្រោង​សាង​សង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​នេះ​ឡើង​វិញ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​ត្រូវ​ចំណាយ​ពេល​សាង​សង់ និង​ថែទាំង​រហូត​ដល់ ៥៤​ខែ​ ហើយ​ចំណាយ​ថវិកា​ដល់​ទៅ​ជាង ១២​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ឥណទាន​ផ្ដល់​ដោយ​ធនាគារ​ពិភព​លោក៕