១​សប្ដាហ៍​ក្រោយ ចំនួន​អ្នក​​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់ ​៣២​នាក់​ហើយ


CDC Cambodia
ក្រុម​មន្ត្រី​វេជ្ជាសាស្ត្រ​កម្ពុជា​ស្ថិត​ក្នុង​ក្នុង​បន្ទប់នៃ​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​រក​វីរុស​កូរ៉ូណា​លើ​សំណាក​ដែល​ត្រូវ​ប្រមូល​បាន​ពី​មនុស្ស​ជាច្រើន។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 07 Dec 2020 | 0 Comments |

វា​មាន​រយៈ​ពេល ១​សប្ដាហ៍​មក​ហើយ​ចាប់​តាំង​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​នេះ ហើយ​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​មក​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣២​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា ដែល​អ្នក​ឆ្លង​ទាំង​នោះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍។

កំណើន​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ដល់​ទៅ ៣២​នាក់​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដោយ​ក្រសួង​សុខាភិបាល​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ ក្នុង​នោះ​មាន​ទាំង​ករណី​ឆ្លង ២​ករណី​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​កម្ពុជា​ម្នាក់​វ័យ ២១​ឆ្នាំ និង​ស្ត្រី​កម្ពុជា​ម្នាក់​ទៀត​វ័យ ២៩​ឆ្នាំ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​កម្ពុជា​វ័យ ២១​ឆ្នាំ​នោះ គឺ​ជា​អ្នក​ធ្លាប់​ស្នាក់នៅ​ជាមួយ​​បុគ្គលិក​បម្រើការងារ​នៅ​ហាង​លក់​សម្លៀក​បំពាក់ Pedro ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដង​វិថី​ព្រះសីហនុ ដែល​បុគ្គលិក​ហាង​លក់​សម្លៀក​បំពាក់​រូប​នោះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​រួច​ហើយ ហើយ​ស្ត្រី​អាយុ ២៩​ឆ្នាំ គឺ​ជា​មន្ត្រី​រាជការ​បម្រើការងារ​នៅ​ក្រសួង​មហាផ្ទៃ។

ក្រសួង​សុខាភិបាល​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​ទាំង ២​នាក់​នេះ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​ ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

ករណី​ឆ្លង​ក្នុង​សហគមន៍​លើក​ដំបូង ត្រូវ​បាន​រក​ឃើញ​កើត​ឡើង​នៅ​ស្ត្រី​វ័យ ៥៦​ឆ្នាំ ដែល​ជា​ភរិយា​របស់​លោក ឆែម សាវុធ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ទាំង​២​រូប​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ។

ជា​រួម កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣៤៨​នាក់​ហើយ​បាន​ឆ្លង​វីរុស​កូរ៉ូណា ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​ដល់​ទៅ ៣០៦​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ៤២​នាក់​ទៀត កំពុង​​ស្ថិត​ក្រោម​ការ​ព្យាបាល​​បន្ត​ ក្នុង​នោះ ៣៣​នាក់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕